Cambodia Gaming Summit (Discussion)

(ភ្នំពេញ)៖ នារសៀល ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា គ.ស.២០២៥ នៅអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក ដឹកនាំដោយ លោកស្រី ប្រាក់ សុចិន្ដា អគ្គនាយិកាក្រុមហ៊ុន និងក្រុមហ៊ុន RGB (Macau) Limited តំណាងដោយ លោក Datuk Steven Lim នាយកប្រតិបត្តិការក្រុមហ៊ុន។
ជំនួបនេះមានគោលបំណង (១) ស្វែងយល់អំពីបច្ចុប្បន្នភាពនៃស្ថានភាពវិស័យនិងទីផ្សារល្បែងពាណិជ្ជកម្មនៅកម្ពុជា និង (២) ពិភាក្សាអំពីគម្រោងរៀបចំសន្និសីទស្ដីពីល្បែងពាណិជ្ជកម្មនៅកម្ពុជា (Cambodia Gaming Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០២៧ នៅព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិដែលមានសកម្មភាពចម្រុះរួមមាន៖ ការតាំងពិព័រណ៍ បង្កើតទំនាក់ទំនង និងចែករំលែកព័ត៌មាននិងចំណេះដឹង ដោយវាគ្មិនសំខាន់ៗមកពីនិយ័តករ ប្រតិបត្តិករ ក្រុមហ៊ុនផលិតនិងផ្ដល់សេវាកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម នៅក្នុងតំបន់ និងពិភពលោក ដែលកម្មវិធីនេះត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរជំរុញការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។